បន្ទាប់ពីបានសម្ពោធ និង កំពុងធ្វើការចាក់បញ្ចាំងនៅគ្រប់រោងភាពយន្តក្នុងប្រទេសកម្ពុជា ភាពយន្តខ្នាតធំ “ព្រៃអត្តឃាត - The Forest” កំពុងមានសន្ទុះនៃការគាំទ្រនៅតាមរោងភាពយន្តនានា។ ទន្ទឹមនឹងនេះ ផលិតករ និង តួសម្តែងនៅក្នុងភាពយន្តខ្នាតធំមួយនេះ បានធ្វើការចុះទៅកាន់រោងកុនផ្ទាល់ដើម្បីជួបជាមួយប្រិយមិត្តអ្នកគាំទ្រ ជាពិសេសគឺដើម្បីថ្លែងអំណរគុណដល់ទស្សនិកជនដែលតែងតែគាំទ្រភាពយន្តរបស់ផលិតកម្ម សាស្រ្តា ហ្វៀម។
ជាក់ស្តែងកាលពីថ្ងៃទី 22 វិច្ឆិកា 2024 កញ្ញា វណ្ណៈ បូរមី, លោក ហេង ម៉េងឃុន និង តួអង្គលោកយាយ បានធ្វើដំណើរទៅកាន់ខេត្តព្រះសីហនុ ដើម្បីជួបជាមួយអ្នកគាំទ្រភាពយន្តខ្នាតធំ “ព្រៃអត្តឃាត - The Forest” នៅទីនោះផ្ទាល់។ តួសម្តែងទាំងអស់ បានទទួលការស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ទស្សនិកជន។
ដោយឡែក នៅថ្ងៃទី 23 វិច្ឆិកា 2024 កញ្ញា ឌី បញ្ញាវិមាលា និង តួអង្គលោកយាយ បានធ្វើដំណើរទៅរោងភាពយន្តនានាក្នុងរាជធានីភ្នំពេញ ដើម្បីជួបជាមួយអ្នកគាំទ្រ។
ផលិតករភាពយន្ត លោក ប៊ុន ចាន់ពេជ្រ រំពឹងថាទស្សនិកជននឹងគាំទ្ររឿង “ព្រៃអត្តឃាត - The Forest” ដែលជាស្នាដៃរបស់លោក សម្រាប់ផលិតកម្ម សាស្រ្តា ហ្វៀម ត្បិតនេះជាភាពយន្តខ្នាតធំ និង បានសម្រិតសម្រាំងយ៉ាងខ្លាំងទាំងសាច់រឿង បូករួមទាំងទីតាំងថតនៅ ខេត្តមណ្ឌលគិរី គឺក្រុមការងារបានលះបង់ទាំងកម្លាំងកាយចិត្ត ដើម្បីធ្វើយ៉ាងណាឱ្យភាពយន្តមួយនេះមានគុណភាពល្អ និង ជាទីគាប់ភ្នែកសម្រាប់អ្នកទស្សនា។
គួរបញ្ជាក់ថា ភាពយន្តខ្នាតធំ “រឿងព្រៃអត្តឃាត - The Forest” បានសម្ពោធជាផ្លូវការ កាលពីថ្ងៃទី 20 វិច្ឆិកា 2024 កន្លងទៅ នៅក្នុងផ្សារទំនើប Chip Mong 271 Mega Mall ក្រោមវត្តមានអ្នកស្រី ប៊ុន ចាន់និមល អគ្គនាយិកាផលិតកម្ម សាស្រ្តា ហ្វៀម និង តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ រួមទាំងភ្ញៀវកិត្តិយសជាច្រើនរូបទៀត។
ភាពយន្តខ្នាតធំរឿង “ព្រៃអត្តឃាត - The Forest” កំពុងធ្វើការចាក់បញ្ចាំងនៅគ្រប់រោងភាពយន្ត!