ភ្នំពេញ ៖ នៅថ្ងៃអាទិត្យ ទី 20 ខែតុលា ឆ្នាំ 2024 ផលិតកម្មសាស្រ្តា ហ្វៀម សហការជាមួយនឹងស្ថានីយ៍ទូរទស្សន៍បាយ័ន បានរៀបចំសន្និសីទសារព័ត៌មាន ស្តីអំពី "ការនាំយកគម្រោងភាពយន្តជីវិត” Life Film ត្រឡប់មកវិញ ដែលកម្មវិធីនេះបានប្រព្រឹត្តទៅនៅផ្សារទំនើប K Mall ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំផលិតកម្ម សាស្រ្តា ហ្វៀម លោកស្រី ប៊ុន ចាន់និមល និង លោក ខេង ពិទូកេត្យា រួមជាមួយនឹងថ្នាក់ដឹកនាំនៃស្ថានីយ៍ទូរទស្សន៍បាយ័ន ក៏ដូចជាតួអង្គសម្តែង ផលិតករ នៃខ្សែភាពយន្តជីវិត និងភ្ញៀវកិត្តិយសជាច្រើនរូប។
ថ្លែងនៅក្នុងកម្មវិធីសន្និសីទសារព័ត៌មាន លោកស្រី ប៊ុន ចាន់និមល អង្គនាយិកានៃផលិតកម្មសាស្រ្តា ហ្វៀម បានអោយដឹងថា "ការសហការរវាងផលិតកម្មសាស្រ្តា និង ទូរទស្សន៍បាយ័ន ក្នុងការចាក់បញ្ចាំងនៃខ្សែភាពយន្តជីវិត គឺកើតចេញពីការមើលឃើញនៃគុណតម្លៃ និងការផ្តល់ការអប់រំទៅដល់សង្គម ដោយហេតុផលភាពយន្តជីវិតឆ្លុះបញ្ចាំងពីតថភាពពិតនៅក្នុងសង្គម ហើយនៅក្នុងសាច់រឿងបានបង្កប់នូវអត្ថន័យអប់រំល្អៗទៅដល់អ្នកទស្សនា"។ លោកស្រីបន្តថា " នៅក្នុងមួយឆ្នាំផលិតកម្មសាស្រ្តា បានផលិតភាពយន្តជីវិតប្រមាណជា 50 រឿងសម្រាប់ស្ថានីយ៍ទូរទស្សន៍បាយ័ន។ គិតមកទល់ពេលបច្ចុប្បន្ននេះ Life Film នៅមិនទាន់មានម្ចាស់ឧបត្ថម្ត នៅឡើយ ប៉ុន្តែបើសិនជារង់ចាំរហូតដល់មានអ្នកឧបត្តម្ភ នោះយើងមិនអាចមានឱកាសផលិតនូវភាពយន្ត ឫ មាតិកាល្អដល់សង្គមបានឡើយ"។
ជាថ្មីម្តងទៀត ក្នុងនាមជាថ្នាក់ដឹកនាំនៃផលិតកម្មសាស្រ្តា ហ្វៀម លោកស្រី ប៊ុន ចាន់និមល បានថ្លែងអំណរគុណទៅដល់ស្ថានីយ៍ទូរទស្សន៍បាយ័ន ដែលបានផ្តល់ការគាំទ្រ ផ្តល់ម៉ោងល្អៗ ក្នុងការចាក់បញ្ចាំង និងតែងតែជឿជាក់លើស្នាដៃ ក៏ដូចជាគុណភាព និង គុណតម្លៃនៃភាពយន្តជីវិត។ ទន្ទឹមគ្នានេះ លោកស្រី ប៊ុន ចាន់និមល ក៏បានថ្លែងអំណរគុណទៅដល់ទស្សនិកជន ដែលតែងតែគាំទ្រនិងនិយមទស្សនាគ្រប់ខ្សែភាពយន្តទាំងអស់របស់ផលិតកម្ម សាស្រ្តា ហ្វៀម ព្រោះនេះជាកម្លាំងចិត្តដ៏ធំមួយជម្រុញអោយក្រុមការងារ ខិតខំបន្តផលិតនូវភាពយន្តល្អៗប្រកបដោយគុណភាព សម្រាប់ប្រជាជនកម្ពុជា។
គួរបញ្ជាក់ថា ខ្សែភាពយន្តជីវិត Life Film របស់ផលិតកម្មសាស្រ្តា ហ្វៀម មានចាក់បញ្ចាំងនៅលើកញ្ចក់ទូរទស្សន៍បាយ័ន នៅរៀងរាល់រាត្រីថ្ងៃច័ន្ទ ចាប់ពីម៉ោង 9 ដល់ម៉ោង 10 យប់។ ទស្សនិកជនអាចរង់ចាំទស្សនានូវខ្សែភាពយន្តថ្មីៗ ដែលឆ្លុះបញ្ចាំងពីសាច់រឿងពិត និង តថភាពជាក់ស្តែងនៅក្នុងសង្គម បង្កប់ដោយអត្ថន័យអប់រំ ដែលអ្នកទស្សនាអាចទទួលបានជាចំណីចក្ខុផង រួមជាមួយនឹងចំណេះដឹងក្នុងពេលជាមួយគ្នាផងដែរ៕